ប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាលកម្ពុជា                                           
ភាសា​ខ្មែរ English

I. សាវតារសង្ខេបនៃប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល នៅកម្ពុជា

     ក្រសួងសុខាភិបាលបានបង្កើតអនុគណៈកម្មការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ជាមួយនឹងការងារបង្កើតប្រព័ន្ធព័ត៌មានសុខាភិបាលទូទាំងប្រទេសមួយ នៅខែកក្កដា ឆ្នាំ ១៩៩២។ ប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៩៣ និងត្រូវបានគ្របដណ្ដប់ទូទាំងប្រទេសនៅខែ កុម្ភៈ ឆ្នាំ ១៩៩៥។ បន្ទាប់ពីការចាប់ផ្ដើមនេះ ប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាលបានដំណើរការ ជាមួយនឹងការពិនិត្យឡើងវិញជាច្រើនដំណាក់កាល (សូមមើលរូបភាព ១.១ សម្រាប់ដំណើរវិវឌ្ឍន៍ នៃប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល នៅកម្ពុជា)។ នៅឆ្នាំ ១៩៩៦ កំណែត្រូវបានធ្វើឡើងដើម្បីសម្របទៅនឹងការផ្លាស់ប្តូរ បានមកពីការចាប់ផ្ដើមនៃផែនការគ្របដណ្ដប់វិស័យសុខាភិបាល ដែលកំណត់ថា សេវាដែលនឹងត្រូវបានផ្ដល់ដោយមូលដ្ឋានសុខាភិបាលនីមួយៗ។ នៅឆ្នាំ ១៩៩៩ មានការកែសម្រួលមួយ ដើម្បីលើកកម្ពស់របាយការណ៍សូចនាករគន្លឹះមួយចំនួន។ នៅឆ្នាំ ២០០៣ តម្រូវការសូចនាករមួយចំនួនត្រូវបានបន្ថែម និងការដកចេញនូវសូចនាករដែលមិនប្រើមួយចំនួនផងដែរ។ នៅឆ្នាំ ២០០៩ សូចនាករបែងចែកតាមភេទ និងសូចនាករនៃកម្មវិធីជាតិមួយចំនួនទៀតត្រូវបានបញ្ចូលបន្ថែម។ នៅពាក់កណ្ដាលឆ្នាំ ២០១០ មានការផ្ទេរទិន្នន័យពីប្រព័ន្ធទិន្នន័យប្រើប្រាស់ MS Access ទៅកាន់ប្រព័ន្ធទិន្នន័យ តាមគេហទំព័រ (PHP/MySQL) ដើម្បីកាត់បន្ថយការងាររដ្ឋបាល និងរយៈពេលរៀបចំរបាយការណ៍ ហើយក្នុងពេលជាមួយគ្នានោះក៏ប្រមូលបានទិន្នន័យទាន់ពេល និងត្រឹមត្រូវ ពីគ្រប់មូលដ្ឋានសុខាភិបាលផងដែរ។ ប្រព័ន្ធទិន្នន័យតាមគេហទំព័រថ្មីនេះ បានធ្វើការកែលម្អជាច្រើនកន្លែង និងត្រូវបានរៀបចំទៅតាមព័ត៌មានត្រឡប់ដែលផ្ដល់ដោយអ្នកប្រើប្រាស់ប្រព័ន្ធ និងត្រូវបានដំឡើងកម្រិតទៅជាកំណែ ៣.០ បច្ចុប្បន្នតាំងពីឆ្នាំ ២០១៥ មក។

រូបភាព ១.១៖ ការវិវឌ្ឍនៃប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល នៅកម្ពុជា

II. ទិសដៅយុទ្ធសាស្ត្រប្រព័ន្ធព័ត៌មានសុខាភិបាល ពីផែនការយុទ្ធសាស្ត្រសុខាភិបាលលើកទី៣

   ទិសដៅយុទ្ធសាស្ត្រកំណត់ទិសដៅគោលនយោបាយទូលំទូលាយយូរអង្វែងមួយ សម្រាប់សមត្ថភាពទាំងស្រុងនៃប្រព័ន្ធព័ត៌មានសុខាភិបាល (ទាំងក្នុងវិស័យសាធារណៈ និងឯកជន និងភ្ជាប់ជាមួយសុខភាព ដូចជាព័ត៌មានទាក់ទងនឹងសុខភាព)។ វាបង្ហាញពីចេតនាយុទ្ធសាស្ត្រ និងរួមបង្កើតជាផែនការក្រសួងសុខាភិបាលសម្រាប់ការរៀបចំប្រព័ន្ធព័ត៌មានសុខាភិបាលក្នុងបន្តបន្ទាប់ខាងមុខ។ ទិសដៅយុទ្ធសាស្ត្រ គឺជាប្រទីបបំភ្លឺផ្លូវមួយសម្រាប់អ្នកធ្វើការសម្រេចចិត្ត អ្នកគ្រប់គ្រង និងមន្ត្រីសុខាភិបាលក្នុងការដឹងនាំ គ្រប់គ្រង និងប្រតិបត្តិប្រព័ន្ធព័ត៌មានសុខាភិបាល ដូច្នេះគ្រប់មន្ត្រីនៅគ្រប់ស្ថាប័នសុខាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើដំណើរតាមទិសដៅដូចគ្នា ដោយអនុវត្តសកម្មភាពរៀងៗខ្លួន ដែលកាច់ចង្កូតឆ្ពោះទៅចក្ខុវិស័យរួមមួយ។ វាក៏ផ្តល់ឱ្យផងដែរនូវគម្រោងមួយ ដែលនៅក្នុងនោះ គោលដៅទូទៅ គោលបំណងយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រប្រព័ន្ធព័ត៌មានសុខាភិបាល ត្រូវបានតាក់តែងឡើង។ សេចក្ដីថ្លែងការណ៍យុទ្ធសាស្ត្ររួមបញ្ចូល ចក្ខុវិស័យ បេសកម្ម គុណតម្លៃ និងគោលការណ៍ការងារ (រូបភាព ៣.១)។ ផែនការមេប្រព័ន្ធព័ត៌មានសុខាភិបាល ដែលបានកំណត់យ៉ាងច្បាស់នូវគោលដៅ និងគោលបំណង ជាមួយនឹងយុទ្ធសាស្ត្រលម្អិតច្បាស់លាស់, បទអន្តរាគមន៍ និងទិសដៅពេលវេលា, ត្រូវបានអភិវឌ្ឍ ជាយានមួយសម្រាប់ធ្វើដំណើរឆ្ពោះទៅសម្រេចទិសដៅយុទ្ធសាស្ត្រដែលបានរៀបចំ ក្នុងគោលបំណងលើកកម្ពស់លទ្ធផលសុខភាពនៃប្រជាជនកម្ពុជា តាមរយៈការផ្ដល់ព័ត៌មានត្រឹមត្រូវ ការសម្រេចចិត្តត្រឹមត្រូវ ការផ្ដល់ និងការប្រើប្រាស់សេវាសុខភាពត្រឹមត្រូវ។

រូបភាព ៣.១៖ ទិសដៅយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធព័ត៌មានសុខាភិបាល នៅកម្ពុជា

III. តម្រូវការរបាយការណ៍ និងមុខងារ នៃប្រព័ន្ធព័ត៌មានសុខាភិបាលកំណែ ៣.០

     ប្រព័ន្ធព័ត៌មានសុខាភិបាល មានផ្ទុកនូវព័ត៌មាន នៃសកម្មភាពសេវាសុខភាពប្រចាំថ្ងៃ និងទិន្នន័យសុខភាពពីគ្រប់លំដាប់ថ្នាក់នៃប្រព័ន្ធថែទាំសុខភាពជាតិ។ គោលបំណងចម្បងរបស់វា គឺដើម្បីផ្ដល់ដល់ក្រសួងសុខាភិបាល និងសេនាធិការរបស់ក្រសួង រួមទាំងមន្ទីរពេទ្យ និងមណ្ឌលសុខភាព នូវព័ត៌មានសូចនាករសុខភាព និងសកម្មភាពសេវាសុខភាព ដែលអាចទុកចិត្តបាន និងទាន់ពេល។ ព័ត៌មាននេះអាចនឹងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់ការគ្រប់គ្រងកម្មវិធី ផែនការ និងការវិភាជន៍ធនធាន។ ប្រព័ន្ធព័ត៌មានសុខាភិបាលកំណែ ៣.០ តម្រូវឱ្យគ្រប់មូលដ្ឋានសុខាភិបាល បញ្ចូលទិន្នន័យប្រចាំខែទៅក្នុងទម្រង់របាយការណ៍ពាក់ព័ន្ធ (HC1 សម្រាប់មណ្ឌលសុខភាព និង HO2 សម្រាប់មន្ទីរពេទ្យ) តាមរយៈប្រព័ន្ធទិន្នន័យតាមគេហទំព័រ។ នៅដំណាច់ខែកក្កដា ឆ្នាំ ២០១៧នេះ គ្រប់មន្ទីរពេទ្យទាំង ១១៧ និង មណ្ឌលសុខភាព ទាំង ១,១៩១ ក្នុងទូទាំងប្រទេសបាន និងកំពុងរាយការណ៍ទៅក្នុងប្រព័ន្ធ ៣.០ នេះ។ ទន្ទឹមនេះដែរ ក៏មានមូលដ្ឋានសុខាភិបាលឯកជន និងអង្គការក្រៅរដ្ឋាភិបាលដែលមានអាជ្ញាបណ្ណផ្ដល់សេវា (មន្ទីរពេទ្យ, មន្ទីរពហុព្យាបាល, មន្ទីរព្យាបាល, មន្ទីរសម្ភព និងបន្ទប់ពិនិត្យពិគ្រោះជំងឺ) ចំនួន ១,៦៦១ បានចុះបញ្ជីក្នុងប្រព័ន្ធ ៣.០ នេះដែរ។ មានប្រហែលច្រើនជាង ១ ភាគ ៣ នៃចំនួន ១,៦៦១ នេះបាន និងកំពុងរាយការណ៍ជាទៀងទាត់ទៅក្នុងប្រព័ន្ធ។ ទម្រង់របាយការណ៍ប្រព័ន្ធព័ត៌មានសុខាភិបាលទាំងពីរ HC1 និង HO2 ប្រមូលទិន្នន័យបូកបន្តពីសេវាពិនិត្យពិគ្រោះជំងឺក្រៅ និងជំងឺសម្រាកពេទ្យ បន្ថែមពីលើទិន្នន័យពីកម្មវិធីជាតិមួយចំនួនក្រោមក្រសួងសុខាភិបាល។ កម្មវិធីជាតិទាំងនេះរួមមាន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ, កម្មវិធីជាតិសុខភាពភ្នែក, សុខភាពធ្មេញ និងធនាគារឈាម។ ប្រព័ន្ធអាចទាញយករបាយការណ៍សូចនាករ ប្រមាណ ៥៦%នៃសូចនាករគន្លឹះនៃផែនការយុទ្ធសាស្ត្រសុខាភិបាលលើកទី ៣ ឆ្នាំ ២០១៦-២០២០។ គុណភាពទិន្នន័យក៏ត្រូវបានត្រួតពិនិត្យដោយឧបករណ៍មួយចំនួន ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រង និងអ្នកប្រើប្រាស់ប្រព័ន្ធ ពិនិត្យមើលរបាយការណ៍ទិន្នន័យបំពេញគ្រប់, ភាពស៊ីគ្នានៃទិន្នន័យ, ភាពទាន់ពេល និងអាចទុកចិត្តនៃទិន្នន័យ។ រៀងរាល់ខែនីមួយៗ គ្រប់អ្នកប្រើប្រាស់ប្រព័ន្ធទាំងអស់ តម្រូវឱ្យបញ្ចូលទិន្នន័យសរុបប្រចាំខែមុនរបស់ខ្លួនទៅក្នុងប្រព័ន្ធ។ ក្នុងរយៈពេល ១៥ ថ្ងៃដើមខែ អ្នកប្រើប្រាស់អាចបញ្ចូល ឬកែតម្រូវ ទិន្នន័យនៃមួយខែមុនបន្ទាប់។ បន្ទាប់ពីរយៈពេលនេះ ប្រព័ន្ធនឹងបិទដោយស្វ័យប្រវត្ត សម្រាប់ការបញ្ចូល និងការកែតម្រូវ។ រាល់ការកែតម្រូវបន្ថែម តម្រូវឱ្យមានការអនុញ្ញាតពីអ្នកគ្រប់គ្រងប្រព័ន្ធថ្នាក់ជាតិ (នាយកដ្ឋានផែនការ និងប្រព័ន្ធព័ត៌មានសុខាភិបាល)។ រូបភាពខាងក្រោមបង្ហាញពីគំនូសបំព្រួញចរន្តរបាយការណ៍ប្រព័ន្ធព័ត៌មានសុខាភិបាល ៣.០ នៅទូទាំងប្រទេស។

គំនូសបំព្រួញចរន្តរបាយការណ៍ប្រព៍ន្ធព័ត៌មានសុខាភិបាល
arrow_upward